៦ វិធីនេះអាច​​ជួយ​អ្នក​ក្នុង​ការ​កាត់ចិត្ត​ពី​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​ខ្លាំងយ៉ាងមានប្រសិទ្ធភាព

107

បែក​គ្នា​ទាំង​ចិត្ត​នៅ​ស្រឡាញ់​ជា​រឿង​ដែល​ឈឺចាប់​បំផុត ហើយ​សឹង​តែ​មិន​អាច​ទទួល​យក​បាន​សម្រាប់​មនុស្ស​ម្នាក់ៗ។ យ៉ាង​ណា​ក្ដី​បើ​អ្នក​កំពុង​តែ​មាន​បញ្ហា​នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ការពិត និង​រៀន​កាត់​ចិត្ត។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​កាត់ចិត្ត​ដើរចេញ​ពី​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​បាន ៖

១. យល់​ពី​ហេតុផល​ដែល​អ្នក​ត្រូវ​ចាកចេញ ឬ​គេ​ត្រូវ​ចាកចេញ

ពេល​ខ្លះ​ទោះ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​បន្ត​ជាមួយ​គេ​ទៀត​ដែរ ដូច្នេះ​មាន​តែ​ដើរ​ចេញ។ អ្នក​ត្រូវ​យល់​ពី​ហេតុផល​ទាំង​នោះ ហើយ​គិត​ថា​បែក​គ្នា​បែប​នេះ​គឺ​ល្អ​ជាង​នៅ​បន្ត ទោះ​ពេល​នេះ​ឈឺ​បន្តិច​មែន​ តែ​យ៉ាង​ណា​ក៏​ល្អ​ជាង​ពេល​នៅ​ជាមួយ​គ្នា។

២. ព្យាយាម​គ្រប់គ្រង​អារម្មណ៍ និង​សម្រាល​ចិត្ត​ខ្លួន​ឯង

រឿង​នេះ​គឺ​មាន​តែ​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ប៉ុណ្ណោះ​ទើប​យល់​ថា​ពិបាក​ខ្លាំង​ប៉ុណ្ណា។ យ៉ាង​ណា​ក៏​ដោយ​អ្នក​ក៏​ត្រូវ​ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​ដែរ។ កុំ​បណ្ដោយ​តាម​អារម្មណ៍​ហើយ​ធ្វើ​អី​ផ្ដេសផ្ដាស។ ព្យាយាម​គិត​អី​ល្អៗ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​មិន​អី​ទេ បន្តិច​ទៀត​អស់អី​ហើយ។

៣. អភ័យ​ទោស​ឲ្យ​រឿង​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ហើយ

អ្វី​ដែល​ត្រូវ​កើត​ឡើង វា​បាន​កើត​ហើយ ដូច្នេះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង អភ័យ​ទោស​ឲ្យ​គេ និង​រឿង​ដែល​អ្នក​បាន​ជួប។ វិធី​នេះ​អាច​ជួយ​សម្រួល​ផ្លូវ​ចិត្ត​អ្នក​បាន​មួយ​កម្រិត​ដើម្បី​កុំ​ឲ្យ​អ្នក​បន្ទោស​ខ្លួន​ឯង ឬ​អ្នក​ណា​ម្នាក់​ទៀត ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​មាន​ការ​គិត​ល្អ​ៗ​មក​វិញ​ខ្លះ​ដែរ។

៤. កុំ​ព្យាយាម​រំលឹក​នូវ​រឿង​ចាស់​ៗ​ទៀត

វិធី​ដែល​ល្អ​នោះ​គឺ​កុំ​ព្យាយាម​សើរើ​រឿង​ពី​មុន​ៗ​មក​ទុក​ក្នុង​ខួរ​ក្បាល​ទៀត។ កុំ​ព្យាយាម​ឲ្យ​ខ្លួន​ឯង​ជាន់​ដាន​រឿង​ចាស់ៗ​ទៀត ព្រោះ​បែប​នោះ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ដោយសារ​តែ​ការនឹកនា​គេ​តែ​ប៉ុណ្ណោះ។

៥. ឲ្យ​ពេល​វេលា​ជា​អ្នក​ព្យាបាល និង​រំសាយ​នូវ​ការ​ស្រឡាញ់​នោះ

ពេល​ខ្លះ​មាន​តែ​ពេលវេលា​ទេ​ដែល​អាច​ជួយ​អ្នក​បាន ព្រោះ​ពេល​ខ្លះ​ទោះ​អ្នក​ព្យាយាម​យ៉ាង​ណា បង្ខំ​ខ្លួន​ឯង​យ៉ាង​ណា​ក៏​អត់​បាន​ការ​ដែរ តែ​ពេល​វេលា​កាន់​តែ​ដើរ​ទៅ​មុខ អ្នក​នឹង​សះ​ស្បើយ​ទៅ​តាម​នោះ។ បើ​បែប​នេះ​កុំ​បង្ខំ​ខ្លួន​ឯង​ទៀត​អី គ្រប់​យ៉ាង​អ្នក​ក៏​គួរ​តែ​បណ្ដោយ​ទៅ​តាម​ពេល​វេលា​ដែរ។

៦. ធ្វើ​ខ្លួន​ឯង​ឲ្យ​រវល់​ជាង​មុន

វា​ក៏​ជា​វិធី​មួយ​ល្អ​ដែរ ព្រោះ​ពេល​ដែល​អ្នក​មាន​ការងារ​រវល់​ជាង​មុន អ្នក​ក៏​អាច​បំភ្លេច​គេ​បាន​​មួយ​គ្រា​ដែរ។ យូរ​ទៅ​វា​អាច​នឹង​ទៅ​ជា​ទម្លាប់​ដែល​អ្នក​អាច​បន្លប់​ខ្លួន​ឯង​មិន​ឲ្យ​នឹក​គេ​បាន។ កុំ​ព្យាយាម​ឲ្យ​ខ្លួន​ឯង​ទំនេរ​ព្រោះ​ពេល​ទំនេរ អ្នក​ដែល​អ្នក​នឹង​នឹក​ឃើញ​នោះ​ប្រាកដ​ជា​គេ​ជា​មិន​ខាន។

ទទួល​ស្គាល់​ថា​បញ្ហា​ដែល​ទាក់ទង​ជាមួយ​ផ្លូវ​ចិត្ត និង​អារម្មណ៍​គឺ​ពិបាក​នឹង​ដោះស្រាយ​ណាស់ តែ​បើ​អ្នក​មិន​ហ៊ាន​ប្រឈម​ជាមួយ​វា វា​អាច​នាំ​អ្នក​ទៅ​កាន់​ផ្លូវ​អវិជ្ជមាន​បាន៕